គេហទំព័រ ខ្មែរថប់ញូស

Language

មេឈ្មួញឈ្មោះ ថៃ គា ដឹកជញ្ជូនធ្យូងចេញទៅស្រុកយួន តាមច្រករបៀងត្រពាំងស្រែ តាមអំពើចិត្តមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានប៉ះពាល់

ថ្ងៃ 04/26/2022 | ម៉ោង 10:00:00

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានអោយដឹងថា ការពីរំលងអធ្រាត្រឈានចូលថ្ងៃទី23 ខែមេសា ឆ្នាំ2022 ឈ្មួញឈ្មោះ ថៃ គា ដឹកជញ្ជូនធ្យូងតាមរថយន្តសាំយ៉ុងកែច្នៃ3គ្រឿងចេញពីស្រុកស្នួល ទៅស្រុកយួនតាមច្រករបៀងត្រពាំងស្រែ។ សកម្មភាពរបស់ឈ្មួញឈ្មោះ ថៃ គា គឺគ្មានមន្រ្តីជំនាញ ឬសមត្ថកិច្ចណាចាត់វិធានការទប់ស្កាត់ឡើយ ទំនងជាពួកគេខ្លាចបាត់បង់ផលប្រយោជន៍ ទើបរក្សាភាពស្ងៀមស្ងាត់ដែលមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ ពិនិត្យឡើងវិញខ្លះផង ដើម្បីកុំឲ្យឈ្មួញឈ្មោះ ថៃ គា ធ្វើអ្វីៗតាមអំពើចិត្តទៀត។ប្រភពពីប្រជាពលរដ្ឋនៅឃុំ2ធ្នូ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញឈ្មោះ ថៃ គា ធ្វើសកម្មភាពដឹកជញ្ជូនធ្យូងចេញពីស្រុកស្នួល ចេញទៅស្រុកយួនតាមច្រករបៀងត្រពាំងស្រែ តាមអំពើចិត្តព្រោះគ្មានមន្ត្រីជំនាញ ឬសមត្ថកិច្ចណាប៉ះពាល់ឡើយ។ ប្រជាពលរដ្ឋបានលើកឡើងថា បើគ្មានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីជំនាញ សមត្ថកិច្ចពាក់ព័ន្ធ និងសមត្ថកិច្ចនៅច្រករបៀងត្រពាំងស្រែ ទេនោះគឺឈ្មួញឈ្មោះ ថៃ គា មិនអាចដឹកជញ្ជូនធ្យូងចេញទៅស្រុកយួនបានទេ។ រីឯលោក ទ្រី សុភក្ដិ ប្រធានមន្ទីរកសិកម្មខេត្តក្រចេះ ក៏ដូចជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះ សម្ងំស្ងាត់ឈឹងទុកឲ្យឈ្មួញ ថៃ គា ដឹកជញ្ជូនធ្យូងចេញទៅស្រុកយួន យ៉ាងរលូន។

ប្រភពស្និទ្ធនឹងឈ្មួញឈ្មោះ ថៃ គា បានបង្ហើបឲ្យដឹងថា ដោយសារមានខ្នងបង្អែករឹងមាំ ហើយមានការឃុបឃិតជាប្រព័ន្ធ ទើបឈ្មួញឈ្មោះ ថៃ គា អាចដឹកជញ្ជូនធ្យូងពីស្រុកស្នួល ខេត្តក្រចេះ ចេញទៅស្រុកយួន តាមច្រករបៀងត្រពាំងស្រែ ឃុំ2ធ្នូ យ៉ាងពេញបន្ទុក។ ជាក់ស្ដែងលោក ទ្រី សុភក្ដិ ប្រធានមន្ទីរកសិកម្មខេត្តក្រចេះ និងមេរដ្ឋបាលព្រៃឈើខេត្តក្រចេះ បណ្ដោយឲ្យឈ្មួញឈ្មោះ ថៃ គា ធ្វើអ្វីៗតាមអំពើចិត្តមិនហ៊ានចាត់វិធានការទប់ស្កាត់ឡើយ។ លើសនេះទៅទៀតសូម្បីតែលោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ព្រមទាំងលោក លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ សម្ងំដេកលក់អស់។