មន្រ្តីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តកំពង់ធំ បានឲ្យដឹងថា រយៈពេលប្រមាណ១ខែចុងក្រោយនេះបទល្មើសកាប់់ឈើ អារច្រៀកឈើ ដឹកជញ្ជូនឈើចេញពីទឹកដីឃុំមានរិទ្ធ ស្រុកសណ្ដាន់ កើតឡើងយ៉ាងគំហុក។ ហេតុនេះលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ក៏ដូចជាលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម និងលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន មិនគួរមើលរំលងតទៅទៀតឡើយ ព្រោះព្រៃឡង់ក្នុងឃុំសុចិត្រ កំពុងប្រឈមនឹងសេចក្ដីវិនាសហិនហោចគ្មានសល់ ជាក់ស្ដែងរោងម៉ាស៊ីនអារឈើរបស់ឈ្មួញឈ្មោះ ហៃ នៅជាប់តំបន់ព្រៃឡង់ ឃុំសុចិត្រ កំពុងដំណើរការយ៉ាងរលូន ក្នុងខណៈដែលមន្រ្តីជំនាញ និងសមត្ថកិច្ចរក្សាភាពស្ងៀមស្ងាត់។
តាមប្រភពពីប្រជាពលរដ្ឋនៅឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានឲ្យដឹងថា បច្ចុប្បន្នមានមេឈ្មួញម្នាក់ឈ្មោះ ហៃ បានដាក់ម៉ាស៊ីនអារច្រៀកឈើខ្នាតយក្សនៅជាប់តំបន់ព្រៃឡង់ ហើយធ្វើសកម្មភាពអារច្រៀកឈើ យ៉ាងពេញបន្ទុកគ្មានញញើតអ្វីទាំងអស់។ ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា មេឈ្មួញឈ្មោះ ហៃ ដឹកជញ្ជូនឈើចេញពីព្រៃឡង់យកមកអារច្រៀក រួចហើយដឹកជញ្ជូនឈើដែលអារច្រៀករួចធ្វើអាជីវកម្មយ៉ាងរលូន ព្រោះមន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់។ មន្រ្តីបរិស្ថាន មន្រ្តីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចក្នុងឃុំសុចិត្រ ស្រុកសណ្ដាន់ មិនចាត់វិធានការបង្ក្រាបរោងម៉ាស៊ីនអារឈើរបស់ឈ្មួញឈ្មោះ ហៃ ដែលកំពុងដំណើរការយ៉ាងគគ្រឹកគគ្រេងនោះទេ ទំនងជាប់ពាក់ព័ន្ធផលប្រយោជន៍។ប្រភពស្និទ្ធនឹងមេឈ្មួញឈ្មោះ ហៃ បានឲ្យដឹងថា ប្រសិនបើគ្មានការបើកដៃពីសំណាក់មន្រ្តីបរិស្ថាន មន្រ្តីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធទេនោះ គឺរោងម៉ាស៊ីនអារឈើរបស់មេឈ្មួញឈ្មោះ ហៃ មិនអាចដំណើរការបានឡើយ។ ហេតុនេះលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ គួរពិនិត្យឡើងវិញខ្លះផង ព្រោះលោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ និងលោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ មិនចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើដែលកើតឡើងយ៉ាងរាលដាលនោះទេ។ ផ្ទុយទៅវិញលោក ប៊ុន សុធី និងលោក តុប កក្កដា បណ្ដោយឲ្យមន្រ្តីរដ្ឋបាលព្រៃឈើ និងមន្រ្តីបរិស្ថាន ក្នុងឃុំសុចិត្រ ស្រុកសណ្ដាន់ ធ្វើអ្វីៗតាមអំពើចិត្តមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។