ភ្នំពេញ ៖ ដោយសារតែភ្លើងប្រចណ្ឌ បុរសម្នាក់បានយកកាំបិតអារ.ក សម្លាប់ប្រពន្ធខ្លួនឯង បន្ទាប់មកបុរសជាប្តីរូបនោះបានអារ.ក ស. ម្លាប់ខ្លួនឯងតាមក្រោយតែមិនស្លាប់ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។
ករណីឃាតកម្មទាំងព្រឹកនេះ បានកើតឡើងនៅវេលាម៉ោងជាង៧ព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅក្នុងភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ។
ជនរងគ្រោះមានឈ្មោះ គឹម ពៅ ! ភេទស្រី អាយុ៤០ឆ្នាំ ប្រពន្ធ មុខរបរលក់ដូរ នៅក្នុងសាលារៀន មានទីលំនៅ ភូមិ-ឃុំ កើតហេតុខាងលើ ស្លាប់ ហើយថែមទាំងមានផ្ទៃពោះទម្ងន់៤ខែទៀត។ ជនសង្ស័យជា ប្តី មានឈ្មោះ ពេជ្រ វិចិត្រ! អាយុ៤១ឆ្នាំ មុខរបរលក់ប្រហិតតាមរទេះម៉ូតូ រស់នៅភូមិ ឃុំ កើតហេតុខាងលើ មានជំងឺផ្លូវចិត្តរបួសធ្ងន់។ វត្ថុតាងរួមមាន៖ ផ្លែកាំបិតរុំក្រណាត់ពណ៌ខ្មៅ ធ្វើដង សម្រាប់កាត់ក្រណាត់ តុកាត់ក្រណាត់រោងចក្រ។
មុនពេលកើតហេតុ៖ តាមការបំភ្លឺរបស់ឈ្មោះ គឹម ពេជ្រ ! ភេទស្រី អាយុ ៤៣ឆ្នាំ នៅភូមិឃុំកើតហេតុ ត្រូវជាបងស្រីជនរងគ្រោះបង្កើតបានឲ្យដឹងថា៖ កន្លងមកជនសង្ស័យតែងតែមានអាការៈស្រងូតស្រងាត់ ពោលពាក្យមិនល្អរកាំរកូសជាមួយប្រពន្ធប្រចណ្ឌ រហូតដល់ថ្ងៃកើតហេតុ ក្រុមគ្រួសារ និងជនសង្ស័យបានពិគ្រោះគ្នាថា៖ នឹងទៅពេទ្យរុស្ស៊ីដើម្បីពិនិត្យព្យាបាលជំងឺ ស្រាប់តែបន្តិចក្រោយមកជនសង្ស័យបានយកកាំបិតអារ ក ជនរងគ្រោះជាប្រពន្ធរបស់ខ្លួនបណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់មកជនសង្ស័យអារ កខ្លួនឯងបណ្ដាលឲ្យរងរបួសធ្ងន់។
សពបានប្រគល់ឱ្យបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី រីឯជនសង្ស័យ ក្រោយពីបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបានដាច់ខ្យល់ស្លាប់តែម្តង៕