គេហទំព័រ ខ្មែរថប់ញូស

Language

ប្រធានប្រតិបត្តិស.យ.ស.ស ខេត្តមណ្ឌលគិរី ជំរុញដល់យុវជន ត្រូវចេះសាមគ្គីគ្នា ក្នុងការចូលរួមការងារសេដ្ឋកិច្ច-សង្គម ដើម្បីឳ្យខេត្តមានការរីកចម្រើន

ថ្ងៃ 03/31/2023 | ម៉ោង 11:15:00

មណ្ឌលគិរី៖ លោក សាន់ ដារិទ្ធិ ប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព ខេត្តមណ្ឌលគិរី បានមានប្រសាសន៍ ក្នុងពិធីជួបសំណេះសំណាល និងចែកប័ណ្ណសរសើរដល់សមាជិក សមាជិកា នៃសម្ពន្ធយុវជនស្រលាញ់សន្តិភាព ស្រុកអូររាំង នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០២៣។

លោក សាន់ ដារិទ្ធិ ប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្ត បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិការបស់សម្ពន្ធយុវជនស្រលាញ់សន្តិភាពទាំងអស់ ដែលតែងតែចូលរួមគ្រប់សកម្មភាពសង្គម កិច្ចការងារមនុស្សធម៌ សប្បុរសធម៌ ជាពិសេស ការចូលរួមជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។ លោក បញ្ជាក់ថា យុវជន គឺជាទំពាំងស្នងឫស្សី ដែលជាកម្លាំងស្នូល ក្នុងការចូលរួមសកម្មភាពសេដ្ឋកិច្ច-សង្គម និងកិច្ចការងារផ្សេងៗ នៅក្នុងមូលដ្ឋាន ដើម្បីរួមចំណែកជួយអភិវឌ្ឍន៍ប្រទេសជាតិ ឳ្យមានការរីចម្រើនលើគ្រប់វិស័យ។ លោក ក៏បានណែនាំដល់យុវជនទាំងអស់ ត្រូវរក្សាទំនាក់ទំនងជាមួយយុវជន ដែលមានឆន្ទះ នឹងត្រូវចេះសហការជាមួយយុវជនដទៃទៀត ដោយត្រូវពង្រឹង និងពង្រីកទំនាក់ទំនងល្អ សម្រាប់ថ្ងៃនេះ នឹងថ្ងៃទៅអនាគត។ បន្ថែមលើសនេះ យុវជនទាំងអស់ ត្រូវបន្តចូលរួមចំណែកថែរក្សាសន្តិភាព ជាពិសេស ប្តេជ្ញាការពារ និងគាំទ្របេក្ខភាព សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនាពេលអនាគត។ ហើយការចូលរួម សហការគាំទ្រគ្រប់សកម្មភាពរបស់សម្ពន្ធយុវជន គឺជាចំណែកមួយ ក្នុងការការពារស្ថេរភាព នយោបាយ សន្តិសុខសណ្តាប់ធ្នាប់ ការពារសមិទ្ធផល និងស្នាដៃជាប្រវត្តិសាស្រ្តរបស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត បានសម្រេចនាពេលកន្លងមក។

នាឳកាសនោះ លោក សាន់ ដារិទ្ធិ ប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្ត ក៏បានផ្តល់លិខិតថ្លែងអំណរគុណ និងប័ណ្ណសរសើរជូនថ្នាក់ដឹកនាំ និងសមាជិក សមាជិកា និងសប្បុរសជនទាំងអស់ ដែលតែងតែចូលរួមគ្រប់សកម្មភាពរបស់សម្ពន្ធយុវជនស្រលាញ់សន្តិភាពនាពេលកន្លងមកផងដែរ៕