ខេត្តព្រះវិហារ៖ ក្រុមឈ្មួញដឹកទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត លើផ្លូវជាតិលេខ៦២ឆ្ពោះទៅខេត្ត កំពង់ធំ ទៅខេត្តព្រះវិហារ បានឲ្យដឹងថា សព្វថ្ងៃនេះ ប្រធាន ជញ្ជីងកំពុងសប្បាយចិត្ត ប្រមូលលុយចែកគ្នាធ្វើមានធ្វើបាន យ៉ាងសុខស្រួល ទោះរថយន្តធំៗ ផ្ទុកលើសទម្ងន់ នៅតែអាចធ្វើសកម្មភាព ទាំងយប់ទាំងថ្ងៃបានយ៉ាងសុខស្រួល មិនរំខានដល់សមត្ថកិច្ចជំនាញសាធារណ:ការ ដែលពាក់ព័ន្ធនៅទីនោះបន្តិចសោះឡើយ។ នេះបើយោងតាមការឱ្យដឹងពីក្រុមឈ្មួញធំៗ និងអាជីវករដែលដឹកជញ្ជូនទំនិញ ក៏ដូចជា កសិផលឆ្លងកាត់ផ្លូវជាតិលេខ៦២ទៅខេត្តកំពង់ធំ ទៅខេត្តព្រះវិហារបានខ្សឹបប្រាប់ក្រុមសារព័ត៌មានយេីងឲ្យដឹងពីអាតកំបាំងរបស់មន្រ្តីពុករលួយនៅជញ្ជីងថ្លឹងរថយន្តអូរពោធិ។
ក្រុមឈ្មួញដដែលបានបន្តទៀតថា ទោះបីពួកគេផ្ទុកលើសទម្ងន់ ឬមិនលើសទម្ងន់យ៉ាងណាក៏ដោយ ក៏ត្រូវតែបង់លុយតាមការកំណត់ របស់ក្រុមមន្ត្រី ប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត អូរពោធិតាមបណ្ដោយផ្លូវជាតិលេខ៦២ ពីកំពង់ធំ ទៅព្រះវិហារ នោះដែរ ។
ក្រុមឈ្មួញ និងអាជីវករមួយចំនួនបានអះអាងថា ពួកគាត់ដឹកជញ្ជូនទំនិញ ឬកសិផលផ្សេងៗ ដោយគោរពតាមច្បាប់កំណត់ ក៏នៅតែចៀសមិនផុតពីការបង់លុយក្រៅឲ្យក្រុមមន្ត្រីពុករលួយប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត អូរពោធិក្នុងស្រុករវៀងខេត្តព្រះវិហារនោះឡើយ ។
ហេតុនេះហើយ ទើបមានការអំពាវនាវឲ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណ:ការ និង ដឹកជញ្ជូនមេត្តាចាត់វិធានការទប់ស្កាត់ អំពើពុករលួយ របស់ប្រធានជញ្ជីងថ្លឹងរថយន្ត ស្រុករវៀង និងក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរពោធិផងទានប្រុស។