គេហទំព័រ ខ្មែរថប់ញូស

Language

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញចូលរួមបើកវគ្គសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយច្បាប់ស្តីពីការងារ និងរបបស្វ័យប្រកាសអធិការកិច្ចការងារ តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម

ថ្ងៃ 04/06/2023 | ម៉ោង 04:15:00

មណ្ឌលគិរី៖ លោក ញ៉ន សិទ្ធ អភិបាលរងខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមបើកវគ្គសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយច្បាប់ស្តីពីការងារ និងរបបស្វ័យប្រកាសអធិការកិច្ចការងារ តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដោយចូលរួមពីលោកប្រធាន បសស សាខាខេត្តមណ្ឌលគិរី អភិបាលរងក្រុងស្រុកទាំង៥ រួមទាំងលោក លោកស្រី ម្ចាស់ នាយក ឬតំណាងរោងចក្រសហគ្រាស គ្រឹះស្ថានជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ។

លោក ញ៉ន សិទ្ធ អភិបាលរងខេត្ត មានប្រសាសន៍ថា ការរៀបចំបើកសិក្ខាសាលានាពេលនេះ បានបញ្ជាក់កាន់តែច្បាស់ពីការយកចិត្តទុកដាក់ និងផ្សព្វផ្សាយ ជូនដល់ម្ចាស់ ឬនាយកក្រុមហ៊ុន សហគ្រាស ដែលស្ថិតក្នុងដែនអនុវត្តន៍ នៃច្បាប់ស្តីពីការងារ ត្រូវមានកាតព្វកិច្ចស្វ័យប្រកាសអធិការកិច្ចការងារក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មចំនួន២លើកក្នុងមួយឆ្នាំ គឺលើកទី១ឱ្យបានមុនដំណាច់ខែមិថុនា និងលើកទី២ឱ្យបានមុនដំណាច់ខែធ្នូនៃឆ្នាំនីមួយៗ។ លោកអភិបាលរងខេត្ត មានប្រសាសន៍បន្ថែមថា យោលតាមរបាយការណ៍ស្វ័យប្រកាសអធិការកិច្ចការងារមានចំណុចអាទិភាពចំនួន៣១ ដែលមានកំណត់នៅក្នុងលិខិតដាក់កំហិតរបស់អធិការកិច្ចការងារ តម្រូវឱ្យម្ចាស់ ឬនាយកក្រុមហ៊ុន រោងចក្រ សហគ្រាស ត្រូវអនុវត្តឱ្យខានតែបាន ក្នុងករណីល្មើសនឹងចំណុចណាមួយនឹងត្រូវទទួលរងការផាកពិន័យភ្លាមៗពីអធិការការងារយោងតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

លោក ងូក សុវណ្ណ អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានឱ្យដឹងថា ការរៀបចំសិក្ខាសាលានេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយពីច្បាប់ស្តីពីការងារ និងរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដើម្បីងាយស្រួលដល់ម្ចាស់សហគ្រាស គ្រឹះស្ថានបានបំពេញកាតព្វកិច្ចរបស់ខ្លួនឱ្យស្របតាមច្បាប់ស្តីពីការងារ។ ក្នុងនោះដែរតម្រូវឱ្យម្ចាស់/នាយកសហគ្រាស គ្រឹះស្ថាន ត្រូវចូលប្រព័ន្ធដើម្បីធ្វើការត្រួតពិនិត្យដោយខ្លួនឯង នូវការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដោយខានតែបាន ប្រសិនបើមិនដូច្នោះទេ នឹងត្រូវទទួលរងនូវការផាកពិន័យ និងត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។