គេហទំព័រ ខ្មែរថប់ញូស

Language

មន្រ្តីជំនាញបើកដៃឲ្យឈ្មួញឈ្មោះ ចាប សារ៉ន កាប់ឈើនៅតំបន់ព្រៃឡង់ ខេត្តព្រះវិហារ យ៉ាងមវិនាសហិនហោច......

ថ្ងៃ 05/25/2022 | ម៉ោង 10:15:00

ខេត្តព្រះវិហារ៖ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តព្រះវិហារ បានសម្ដែងសេចក្ដីព្រួយបារម្ភណ៍យ៉ាងខ្លាំងអំពីវិនាសកម្មនៃការបំភ្លេចបំផ្លាញព្រៃឈើក្នុងដែនជំរកព្រៃឡង់ដែលឈ្មួញទុច្ចរិតឈ្មោះចាប សារ៉នកំពុងកាប់បំផ្លាញ។ប្រជាពលរដ្ឋបានរិះគន់ចំៗថា បើគ្មានការបើកដៃពីសំណាក់មន្រ្តីបរិស្ថាន មន្រ្តីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធទេនោះគឺ ឈ្មួញឈ្មោះ ចាប សារ៉ន មិនអាចកាប់ឈើ និងដឹកជញ្ជូនឈើចេញពីព្រៃឡង់ បាននោះទេ។ ឈ្មួញឈ្មោះ ចាប សារ៉ន អាចធ្វើសកម្មភាពបំផ្លាញព្រៃឡង់ ក្នុងឃុំរៀបរយ ស្រុករវៀងនៃខេត្តព្រះវិហារ ជាប់ព្រំប្រទល់ខេត្តកំពង់ធំ យ៉ាងគឃ្លើនគ្មានញញើតអ្វីទាំងអស់។ សូម្បីតែលោក កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងលោក សួស សុខដារ៉ា​​ ស្នងការនគរបាលខេត្តព្រះវិហារ ក៏មិនហ៊ានប៉ះពាល់ឈ្មួញឈ្មោះ ចាប សារ៉ន នោះដែរ។បើតាមប្រភពព័ត៌មានពីមន្រ្តីអង្គការក្រៅរដ្ឋាភិបាល បានឲ្យដឹងទៀតថា កន្លងមកឈ្មួញឈ្មោះ ចាប សារ៉ន បានធ្វើសកម្មភាពកាប់ឈើ និងដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ ចំណុចព្រំប្រទល់3ខេត្តគឺខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង យ៉ាងមហន្តរាយ។ ឥឡូវនេះឈ្មួញឈ្មោះ ចាប សារ៉ន ធ្វើសកម្មភាពកាប់ឈើ និងដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ យ៉ាងពេញបន្ទុក ព្រោះមានការបើកដៃពីសំណាក់មន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធដែលគិតតែពីរឿងប្រមូលលុយ។ រីឯលោក សុង ច័ន្ទសុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ មិនចាត់វិធានការបង្ក្រាបសកម្មភាពបំផ្លាញព្រៃឡង់ ក្នុងស្រុករវៀង នោះទេ។

ប្រជាពលរដ្ឋក្នុងឃុំរៀបរយ ស្រុករវៀង បានអំពាវនាវឲ្យលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចាត់វិធានការទប់ស្កាត់សកម្មភាពបំផ្លាញព្រៃឡង់ ក្នុងស្រុករវៀងនេះផងទាន។ ទន្ទឹមនឹងនេះប្រជាពលរដ្ឋក៏អំពាវនាវឲ្យថ្នាក់ដឹកនាំគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិមេត្តាចាត់វិធានការបង្ក្រាបបទល្មើសបំផ្លាញព្រៃឡង់ ក្នុងស្រុករវៀង ស្រុកជ័យសែន ខេត្តព្រះវិហារ ឲ្យបានឆាប់ និងប្រកបដោយប្រសិទ្ធភាព។ 

ដោយហេតុថា ឥឡូវនេះឈ្មួញឈ្មោះ ចាប សារ៉ន ដែលអាងមានខ្នងបង្អែករឹងមាំធ្វើសកម្មភាពកាប់ឈើដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ យ៉ាងពេញបន្ទុក ហើយមន្រ្តីជំនាញ និងសមត្ថកិច្ចមិនបង្ក្រាបសោះឡើយ៕