ខេត្តរតន:គីរី៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបរកែវ បន្ទាប់ពីប៉ុនប៉ងសម្លាប់កូនស្រីរបស់មេជាងសំណង់ម្នាក់តែមិនបានសម្រេច ដោយសារខឹងមេជាងមិនបើកលុយពលកម្មឲ្យករណីនេះកើតទ្បើងកាលពីរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង៣និង០០នាទី នៅចំណុចសាលាបឋមសិក្សា ភូមិប៉ាអរ ឃុំកិចុង ស្រុកបរកែវសមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់មានឈ្មោះ ជួន ធឿន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានស្រុកកំណើតភូមិគូរ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្កកំពង់ចាម។ បច្ចុប្បន្នរស់នៅភូមិ,ឃុំ កើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ នី ណាវី អាយុ៦ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតភូមិ,ឃុំជាមួយជនដៃដល់។ បច្ចុប្បន្នមានទីលំនៅភូមិ,ឃុំ កើតហេតុខាងលើ រងរបួសធ្ងន់។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលនាំឲ្យកើតមានករណីនេះ គឺដោយសារជនដៃដល់ខឹងឪពុក ក្មេងស្រីរងគ្រោះ ដែលជាមេជាងសំណង់ មិនបើកលុយថ្លៃពលកម្មឲ្យខ្លួន ទើបសម្រេចចិត្តយកខ្សែគោរឹតកក្មេងស្រីប៉ុនប៉ងសម្លាប់តែម្តង ជាការរំសាយកំហឹង។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញផ្នែកនគរបាលព្រហ្មទណ្ឌ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំកិចុង ចុះដល់ទីតាំងកើតហេតុ ឃាត់ខ្លួនជនដៃដល់បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកបរកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាសាលាដំបូងខេត្តរតនគីរី ផ្ដន្ទាទោសតាមផ្លូវច្បាប់៕