មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យ និងជម្រុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងការងារចលនាប្រឡងប្រណាំង នៃការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងមានការចូលរួមពីលោក អភិបាលរងខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត ប្រធានទីស្នាក់ការច្រកទ្វារព្រំដែនទ្វេភាគីទាំង៣ ព្រមទាំង អភិបាលក្រុង/ស្រុកទាំង៥ មេឃុំ ចៅសង្កាត់ និងនាយប៉ុស្តិនគរបាលរដ្ឋបាលឃុំ សង្កាត់ជាច្រើននាក់ ដែលប្រព្រឹត្តទៅ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។
ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្រសួងមហាផ្ទៃ បានសម្រេចដាក់ចេញនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលជាគោលនយោបាយជាអទិភាព សំដៅលើកកម្ពស់ការចូលរួម ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានល្អប្រសើរ ក្នុងភូមិ ឃុំ សង្កាត់ទូទាំងប្រទេស។ ឯកឧត្តម បន្ថែមថា ការពង្រីកវិសាលភាព និងលើកកម្រិតគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថភាព ក្នុងគោលបំណង ដើម្បីចូលរួមអនុវត្ត នូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណខ្ពស់របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានបាវចនា គឺដើម្បីកំណើនការងារសមធម៌ ប្រសិទ្ធភាព និងចេរភាព ដោយផ្អែកលើអទិភាពជាគន្លឺះចំនួន៥ គឺមនុស្ស ផ្លូវ ទឺក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានផ្ដាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព និងជឿទុកចិត្តបាន និងការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសាធារណៈ ការបង្ការទប់ស្កាត់ និងការបង្ក្រាបបទល្មើស គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសង និងបទល្មើសគ្រប់ប្រភេទ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស គ្មានអំពើហិង្សា និងក្មេងទំនើង យកចិត្តទុកដាក់ដោះស្រាយវិវាទនៅថ្នាក់មូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយប្រសិទ្ធភាព ត្រូវមានអនាម័យ សោភណភាព និងបរិស្ថានល្អ ឆ្លើយតបបានទាន់ពេលចំពោះគ្រោះមហន្តរាយ និងជំងឺឆ្លងផ្សេងៗក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរីផងដែរ។
ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា កិច្ចប្រជុំនេះ ពិតជាមានសារៈសំខាន់ណាស់ គឺដើម្បីធ្វើការឆ្លុះបញ្ជាំងអំពីលទ្ធផលសកម្មភាព នៃការអនុវត្តតួនាទី ភារកិច្ចរបស់គណៈបញ្ជាការឯកភាពខេត្ត នៅក្នុងឆ្នាំ២០២៣ កន្លងមក ធ្វើការផ្សព្វផ្សាយអំពីសមិទ្ធផលការងារ និងលើកឡើងអំពីចំណុចខ្លាំង បញ្ហាប្រឈម សំណើដំណោះស្រាយ សំណូមពរ និងការផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក លើការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីរួមសហការគ្នាក្នុងការស្វែងរកដំណោះស្រាយ ដែលកើតមានឡើង និងទទួលនូវអនុសាស្រ្តល្អៗថ្មីៗ ដើម្បីឈានទៅសម្រេចបាននូវជោគជ័យធំៗថ្មីៗបន្ថែមទៀត ក្នុងទិសដៅអនុវត្តភារកិច្ច ក្នុងការថែរក្សា ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ នាឆ្នាំខាងមុខបន្តបន្ទាប់ទៀត។ ឯកឧត្តម បន្ថែមថា ដើម្បីជម្រុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» រដ្ឋបាលខេត្តមណ្ឌលគិរី ដែលមានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង-ស្រុក និងរដ្ឋបាលឃុំ-សង្កាត់ បានខិតខំប្រកបដោយឆន្ទៈ មោះមុត ក្នុងការអនុវត្តវិធានការ ផែនការផ្សព្វផ្សាយ អប់រំណែនាំ ទិសដៅទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់រូបភាព បានទាន់ពេលវេលា ធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម និងសុខដុមរមនាបានល្អប្រសើរ ជូនប្រជាពលរដ្ឋតាមឃុំ-សង្កាត់។ ឯកឧត្តម បន្ថែមទៀតថា គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» បានរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយនូវទុក្ខលំបាកបញ្ហាកង្វល់របស់ប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋានប្រកបដោយសន្តិសុខ និងសុវត្ថិភាពល្អប្រសើរ។