គេហទំព័រ ខ្មែរថប់ញូស

Language

កម្មករ កម្មការនី រោងចក្រ វ៉ូណាមី បន្តដួលសន្លប់ចំនួន ៤៥នាក់បន្ថែមទៀត

ថ្ងៃ 01/22/2020 | ម៉ោង 01:30:00

ខេត្តតាកែវ ៖ ឃើញថានៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះ មានកម្មករ កម្មការិនី រោងចក្រ រ៉ូណាមី ក្នុងឃុំសូភី ស្រុកបាទី ខេត្តតាកែវ  ប្រមាណជិត៥០នាក់បន្ថែមទៀតបានដួលសន្លប់ជាបន្តបន្ទាប់ ។

បើតាមការឲ្យដឹងពី លោក មូល វិចិត្រ អភិបាលរងខេត្តតាកែវ បានបញ្ជាក់ថា មានកម្មករ កម្មការនី ៤៥នាក់ បានដួលសន្លប់ជាបន្តទៀត នៅក្នុងរោងចក្រ វ៉ូណាមីពិតមែន ហើយក្រោយទទួលបានដំណឹងនេះភ្លាមៗ កម្មករដែលដួលសន្លប់ ត្រូវបានអាជ្ញាធរបញ្ជូនមកសម្រាកព្យបាលនៅ មន្ទីរពេទ្យបង្អែកស្រុកបាទី  មណ្ឌលសុខភាពត្រាំខ្នារ និងគ្លីនិកដើមរកា ។

ជុំវិញករណីកម្មករដួលសន្លប់នេះដែរ លោក ម៉ឹង វីរីយ៉ា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តតាកែវ បានបញ្ជាក់ថា មូលហេតុដែលនាំអោយមានកម្មករ កម្មការិនីដួលសន្លប់ជាបន្តបន្ទាប់បែបនេះ ផ្តើមឡើងដោយកម្មការិនីមានផ្ទៃពោះម្នាក់មានអាការៈទន់ដៃទន់ជេីង កម្មករនៅជិតខាងក៏សែងចេញ ពេលនោះកម្មករដទៃទៀតបានឃេីញមានការភិតភ័យក៏ចាប់ផ្តេីមដួលសន្លប់ជាបន្តបន្ទាប់គ្នា យ៉ាងដូច្នេះ។

លោកប្រធានមន្ទីរបានបន្តថា មន្រ្តីជំនាញ រួមជាមួយនឹងអាជ្ញាធរដែនដីបានទៅពិនិត្យកន្លែងកេីតហេតុ និងពិនិត្យបរិស្ថានកន្លែងធ្វេីការ បរិស្ថានជំុវិញក្រុមហ៊ុន ឃេីញថាមិនមានអ្វីគួរកត់សំគាល់ទេ លេីកលែងតែផ្លិតទឺក បានពិនិត្យឃេីញ  ថាកខ្វក់ខ្លាំង មានធូលីច្រេីន ដែលមិនអាចអោយខ្យល់បរិសុទ្ធចេញចូលបាន។ ប៉ុន្តែក្រុមការងារបានណែនាំដល់ រោងចក្រ ឲ្យរៀបចំសម្អាតឡើងវិញរួចហើយ​ ។

សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នៅក្នុងរោងចក្រ វូណាមី ស្ថិតនៅភូមិសំរោង ឃុំសូភី ស្រុកបាទី មានកម្មករ កម្មការនីដួលសន្លប់ ចំនួន ៤៤នាក់ នេះបើយោងតាមការបញ្ជាក់ពីលោក ភួន ឈីម អភិបាលស្រុកបាទី ៕