ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានមានប្រសាសន៍ថា ក្នុងនាម សម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូរដ្ឋសភាបង់ក្លាដែស ដែលបានមកបំពេញទស្សនៈកិច្ចផ្លូវការនៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា នាពេលនេះ ។
ឆ្លើយតបវិញ ឯកឧត្តម មហាម៉ាត់ ហ្វារុកខាន់ បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះ ឯកឧត្តម បណ្ឌិត ងួន ញ៉ិល ដែលបានអនុញាតឱ្យគណៈប្រតិភូរដ្ឋសភាបង់ក្លាដែស ជួបពិភាក្សាការងារក្នុងឱកាសកំពុងបំពេញទស្សនៈកិច្ចនៅលើទឹកដីដ៏ស្រស់ស្អាត នៃព្រះរាជាណាចក្រកម្ពុជា នាពេលនេះ និងចំពេលដែលកម្ពុជាកំពុងប្រារព្ធពិធីអបអរសាទរខួបទី៤១ នៃទិវាជ័យជម្នះ៧មករា ហើយគណៈប្រតិភូរដ្ឋសភាបង់ក្លាដែស សូមចូលរួមជាមួយប្រជាជនកម្ពុជា ក្នុងទិវាជាប្រវត្តិសាស្ត្រនេះផងដែរ ។
ឯកឧត្តម មហាម៉ាត់ ហ្វារុកខាន់ ក៏បានជម្រាបជូនអំពីទំនាក់ទំនង និងកិច្ច សហប្រតិបត្តិការល្អរវាងកម្ពុជា និងបង់ក្លាដែស នៅពេលនេះ ជាក់ស្តែងកន្លងមកយើងបានផ្លាស់ ប្តូរទស្សនៈកិច្ចទៅវិញទៅមកថ្នាក់ដឹកនាំរដ្ឋសភា និងនាយករដ្ឋមន្ត្រី ។ ឯកឧត្តម មហាម៉ាត់ ហ្វារុកខាន់ ក៏បានអញ្ជើញ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ទស្សនៈកិច្ចនៅបង់ក្លាដែសក្នុងពេលសម ស្របណាមួយ ។
ចំពោះវិស័យសេដ្ឋកិច្ច ឯកឧត្តម មហាម៉ាត់ ហ្វារុកខាន់ បានមានប្រសាសន៍ថា ប្រទេសយើងទាំង២ស្ថិតនៅក្នុងកំណើនជាង ៧% ដូចគ្នា ហើយយើងជឿជាក់ថាកំណើននេះ នឹងបន្តរីក ចម្រើនថែមទៀត ។
ឯកឧត្តម មហាម៉ាត់ ហ្វារុកខាន់ បានមានប្រសាសន៍បញ្ជាក់ជូនថា បង់ក្លាដែស បច្ចុប្បន្ន កំពុងជួបបញ្ហា គឺការហូរចូលនូវជនអន្តោប្រវេសន៍យ៉ាងសន្ធឹកសន្ធាប់ ក្នុងនោះមានជនជាតិរ៉ូហ៊ីន យ៉ា ប្រមាណចំនួន ១លាន១សែននាក់ ។ បង់ក្លាដែសសូមឱ្យកម្ពុជា គាំទ្រដល់ដំណើរការចរចារ ទ្វេភាគីដោយសន្តិវិធី រវាងបង់ក្លាដែស និងមីយ៉ាន់ម៉ា សម្រេចបានលទ្ធផលល្អ ។
ឆ្លើយតបវិញ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល សូមអរគុណចំពោះប្រសាសន៍ដ៏ល្អរបស់ ឯកឧត្តម មហាម៉ាត់ ហ្វារុកខាន់ និងបានមានប្រសាសន៍បញ្ជាក់ថាប្រទេសកម្ពុជា និងបង់ក្លាដែស បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ១៩៩៣ ។ ចាប់តាំងពីពេលនោះមក ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំង២ កាន់តែមានភាពល្អប្រសើរជាលំដាប់ ។ ដោយឡែកចំពោះវិស័យការទូតសភា គឺរដ្ឋសភាកម្ពុជា បានបង្កើតក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-បង់ក្លាដែស ។
ឯកឧត្តមបណ្ឌិត ក៏បានជម្រាបជូនគណៈប្រតិភូ អំពីស្ថាប័នរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៦ ដែលបានកើតចេញពីការបោះឆ្នោតសកលនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ គឺមានរយៈពេល៥ឆ្នាំ (២០១៨-២០២៣) ដែលមានសមាជិកសរុបចំនួន១២៥នាក់ ក្នុងនោះស្ត្រីមានចំនួន២៥នាក់ ។ អំពីការប្រជុំពិភាក្សា និងអនុម័តច្បាប់ គិតចាប់តាំងពីអាណត្តិទី១ រហូតមកដល់អាណត្តិទី៦នេះ រដ្ឋសភាកម្ពុជា អនុម័តច្បាប់បានចំនួន៥៦៣ ដើម្បីបម្រើផល ប្រយោជន៍ប្រជាជន និងប្រទេសជាតិ ។
ឯកឧត្តមបណ្ឌិត ក៏បានមានប្រសាសន៍លើកឡើងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបង់ក្លាដែស លើវិស័យទេសចរណ៍ វិស័យពាណិជ្ជកម្មជាដើម និងចុងបញ្ចប់ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍បញ្ជាក់ជូនគណៈប្រតិភូថា នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២០ នេះ រដ្ឋសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ភាពជាដៃគូរសភាអាស៊ី-អឺរ៉ុប (ASEP) លើក ទី១១ ហើយរដ្ឋសភាកម្ពុជា និងស្ថាប័នពាក់ព័ន្ធនានារបស់ជាតិ បាននឹងកំពុងតែមមាញឹកក្នុងការ ត្រៀមរៀបចំព្រឹត្តិការណ៍នេះ ។ ខ្ញុំ មានសេចក្តីសោមនស្ស រីករាយ សូមអញ្ជើញគណៈប្រតិភូរដ្ឋសភាបង់ក្លាដែស ចូលរួមកិច្ចប្រជុំ ASEP-11 នេះ ។ ចំពោះបញ្ហាលំហូរជនអន្តោប្រវេសន៍រ៉ូហ៊ីនយ៉ា ទៅក្នុងប្រទេសបង់ក្លាដែស រដ្ឋសភាកម្ពុជា គាំទ្រ និងសង្ឃឹមទុកជាមុនអំពីការចរចារទ្វេភាគីដោយសន្តិវិធីរវាងបង់ក្លាដែស ជាមួយមីយ៉ាន់ម៉ា នឹងទទួលបានលទ្ធផលល្អ ។
ខ្ញុំសូមជូនពរ ឱ្យគណៈប្រតិភូទទួលជោគ ជ័យក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ខ្លួន នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា