គេហទំព័រ ខ្មែរថប់ញូស

Language

ពលរដ្ឋ១១គ្រួសារ នៅស្រុកសំឡូត ប្ដឹងមន្ដ្រីពន្ធនាគារម្នាក់នៅខេត្តបាត់ដំបង ដែលបោកលុយជាង៩ម៉ឺនដុល្លារ ដើម្បីរត់ការចូលក្របខ័ណ្ឌមន្ដ្រីនគរបាល...!

ថ្ងៃ 05/10/2023 | ម៉ោង 02:00:00

បាត់ដំបង៖ប្រជាពលរដ្ឋ១១គ្រួសារ រស់នៅភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង បានដាក់ពាក្យបណ្ដឹងរួមគ្នា ប្ដឹងមន្ដ្រីពន្ធនាគារខេត្តបាត់ដំបងម្នាក់ឈ្មោះ ស៉ឹម សុខុន ដោយចោទប្រកាន់ថា ស្ដ្រីឈ្មោះ ស៉ឹម សុខុន បានបោកលុយពួកគាត់សរុបជាង៩ម៉ឺនដុល្លារ ដើម្បីរត់ការចូលក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ។
ក្នុងពាក្យប្ដឹងសុំអន្ដរាគមន៍ទៅកាន់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដែលបណ្ដាញព័ត៌មានខ្មែរថបញូ ទទួលបាននៅថ្ងៃទី០៩ ខែឧសភាឆ្នាំ២០២៣នេះ លោក អ៊ុន កុសល ដែលជាតំណាងឲ្យប្រជាពលរដ្ឋ១១គ្រួសារ បានធ្វើការរៀបរាប់ដូចខាងក្រោម៖

-កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ យើងខ្ញុំទាំង១១នាក់ បានយកថវិកាទៅប្រគល់ជូនលោកស្រី ស៊ឹម សុខុន នៅគេហដ្ឋានរបស់លោកស្រីផ្ទាល់ ដោយមាន លោក ម៉ៅ ណាត លោកប្រាជ្ញ សុវណ្ណមន្នី និងលោក ម៉ៅ សំរេច ជាអ្នកបានឃើញ យើងខ្ញុំទាំង១១នាក់ ជួបប្រគល់ថវិកានេះទៅលោកស្រីពិតប្រាកដមែន ដោយគាត់សន្យា និងជួយរត់ការប្រឡងចូលក្របខណ្ឌមន្ត្រីនគរបាលជាតិ ប្រសិនបើមិនបាន គាត់និងប្រគល់ថវិកាជូនវិញគ្រប់ចំនួន។

ក្រោយពេល ដល់ថ្ងៃកំណត់ប្រឡងរួចតែលទ្ធផល មិនបានជាប់ដូចការសន្យា ទើបយើងខ្ញុំទាំងអស់គ្នាសម្រេចចិត្ត សុំដកយកថវិកាមកវិញ តែរយ:ពេលមួយឆ្នាំហើយលោកស្រីសុឹម សុខុន មិនព្រមសងលុយឲ្យពួកយេីងខ្ញុំដូចការសន្យា ហេតុនេះយើងខ្ញុំសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅ សាលាខេត្តបាត់ដំបង ហើយអភិបាលរងនៃគណៈអភិបាលខេត្ត បានព្យាយាមដោះស្រាយចំនួន៣លើក តែមិនបានថវិកាមកវិញឡេីយ ទើប ពួកយើងខ្ញុំសម្រេចចិត្តដាក់ពាក្យបណ្តឹងជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយដោះស្រាយ និងរកយុត្តិធម៌ ជូនយើងខ្ញុំឲ្យបានថវិកាគ្រប់ចំនួន៩៤,៧០០ដុល្លាអាមេរិក មកវិញផងតាមឈ្មោះ និងចំនួនថវិកាដូចតារាងជូនភ្ជាប់មកជាមួយស្រាប់។

សេចក្ដីដូចបានគោរពជម្រាបជូនខាងលើសូម សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មេត្តាពិនិត្យ និងជួយរកយុត្តិធម៍ដល់ពួកយេីងខ្ញុំដោយសេចក្ដីអនុគ្រោះផង។

យ៉ាងណាមិញ ពាក់ព័ន្ធការចោទប្រកាន់នេះ បណ្ដាញព័ត៌មានខ្មែរថបញូមិនទាន់អាចសុំការបកស្រាយ ពីលោកស្រី ស៉ឹម សុខុន បាននៅឡើយទេ ដោយពុំមានលេខទូរស័ព្វទំនាក់ទំនង៕