គេហទំព័រ ខ្មែរថប់ញូស

Language

ឯកអគ្គរាជទូតអូស្រ្តាលី បានវាយតម្លៃថា កម្ពុជាមានការគ្រប់គ្រង ការពារ និងទប់ស្កាត់ជំងឺកូវីដ១៩បានល្អ ដោយមិនឲ្យហូរចូលទៅក្នុងសហគមន៍ ព្រមទាំងបន្តការប្រុងប្រយ័ត្នបានយ៉ាងហ្មត់ចត់ និងមិនមានការធ្វេសប្រហែសនោះឡើយ

ថ្ងៃ 09/11/2020 | ម៉ោង 06:45:00

ឯកអគ្គរាជទូតអូស្រ្តាលី បានវាយតម្លៃថា កម្ពុជាមានការគ្រប់គ្រង ការពារ និងទប់ស្កាត់ជំងឺកូវីដ១៩បានល្អ ដោយមិនឲ្យហូរចូលទៅក្នុងសហគមន៍ ព្រមទាំងបន្តការប្រុងប្រយ័ត្នបានយ៉ាងហ្មត់ចត់ និងមិនមានការធ្វេសប្រហែសនោះឡើយក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម ផាប្លូ កាង ( Pablo Kang ) ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា នៅក្នុងមណ្ឌលចត្តាឡីស័កស្រុកឡាញ់ ខេត្តសៀមរាប កាលរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញនេះ ឯកអគ្គរាជទូតអូស្រ្តាលី បានវាយតម្លៃថា កម្ពុជាមានការគ្រប់គ្រង ការពារ និងទប់ស្កាត់ជំងឺកូវីដ១៩បានល្អ ដោយមិនឲ្យហូរចូលទៅក្នុងសហគមន៍ ព្រមទាំងបន្តការប្រុងប្រយ័ត្នបានយ៉ាងហ្មត់ចត់ និងមិនមានការធ្វេសប្រហែសនោះឡើយ និយាយរួមគឺគ្រប់យ៉ាងនៃវិធានការទប់ស្កាត់ជំងឺកូវីដ១៩នៅកម្ពុជា ពិតជាធ្វើបានល្អប្រសើរ ។

គួររំលឹកថា មុននឹងមកដល់មណ្ឌលចត្តាឡីស័កស្រុកឡាញ់ ខេត្តសៀមរាប ឯកឧត្តមឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានធ្វើទស្សនកិច្ចនៅតាមបណ្តាខេត្តមួយចំនួន ដែលច្រកជាប់ព្រំដែនកម្ពុជា-ថៃ ដែលជាផ្នែកមួយនៃបេសកកម្មរបស់ប្រតិភូទូតអូស្រ្តាលី ដើម្បីនាំយកនូវមូលនិធិសម្រាប់ការបណ្តុះបណ្តាលមន្រ្តីអង្គការអន្តរជាតិទេសន្តប្រវេសន៍ ( IOM ) នៅច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ និងផ្តល់សម្ភារការពារជំងឺកូវីដ១៩ដល់ក្រុមការងារ សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋកម្ពុជាដែលត្រឡប់មកពីប្រទេសថៃវិញ ។ 

ឯកឧត្តម ផាប្លូ កាង មានប្រសាសន៍បន្ថែមថា ការព្រួយបារម្ភអំពីការសាយភាយនៃវីរុសកូវីដ១៩ វាជាទម្ងន់នៃការចាត់វិធានការទប់ស្កាត់ ក៏ប៉ុន្តែកម្ពុជាបានអនុវត្តប្រកបដោយប្រសិទ្ធភាព ហើយបើតាមការបង្ហាញតួលេខពិតប្រាកដប្រចាំថ្ងៃ និងការក្រើនរំលឹករបស់ក្រសួងសុខាភិបាលកម្ពុជាជាប្រចាំ គឺជាវិធីសាស្រ្តដ៏សំខាន់ ដែលធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាទទួលបាននូវការយល់ដឹង និងរួមគ្នាទប់ស្កាត់ជម្ងឺកូវីត១៩នៅក្នុងសហគមន៍ ខណៈដែលប្រទេសអូស្រា្តលីរួមកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាជាង២០ឆ្នាំកន្លងមកហើយ ជាពិសេសក្នុងកាលៈទេសៈនេះ ប្រទេសអូស្រា្តលីកាន់តែត្រូវបានយកចិត្តទុកដាក់ បន្តរួមកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ។

ឯកឧត្តម ឯកអគ្គរាជទូតអូស្រ្តាលី មានប្រសាសន៍បន្ថែមទៀតថា ជាការចងចាំមិនអាចបំភ្លេចបាននោះ គឺអ្នកទេសចរជនជាតិអូស្រ្តាលីចំនួន៨១នាក់ ដែលជាប់នៅលើនាវាវេសស្ទឺដាំ បានរួចផុតពីក្តីព្រួយបារម្ភគ្រោះថ្នាក់ ហើយបានជាន់លើទឹកដីកម្ពុជានៅក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព និងបានបន្តដំណើរទៅជួបជុំគ្រួសារនៅស្រុកកំណើតវិញ ដោយសារតែបេះដូងមនុស្សធម៌ នៃសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក ពិន ប្រាកដ អភិបាលរងខេត្ត និង ជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្តសៀមរាប មានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់ឯកអគ្គរាជទូតអូស្រ្តាលីនៅមណ្ឌលចត្តាឡីស័កក្រឡាញ់ នេះ គឺជាការបង្ហាញនូវការរឹតចំណងការទូតកាន់តែរឹងមាំបន្ថែមទៀតរវាងប្រទេសទាំងពីរ ហើយការបើកសាលាឲ្យសិស្សចូលរៀនវិញនោះ គឺជាការបង្ហាញឲ្យឃើញថា នាពេលបច្ចុប្បន្ននេះ កម្ពុជាមានភាពធូរស្រាលហើយជំងឺកូវីដ១៩ ហើយមណ្ឌលចត្តាឡីស័កដែលបានរៀបចំនៅក្នុងសាលារៀនមួយចំនួននោះ រដ្ឋបាលខេត្តកំពុងពិចារណាផ្លាស់ប្តូរទីតាំង ដើម្បីទំនុកចិត្តរបស់សិស្ស និងមាតាបិតាសិស្ស ។

សូមបញ្ជាក់ថា ចាប់គិតពីថ្ងៃទី១០ ខែមេសា មកដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០នេះ ខេត្តសៀមរាប មានប្រជាពលរដ្ឋធ្វើចំណូលស្រុកមកពីក្រៅប្រទេសសរុបជាង ១៧.០០០នាក់ ក្នុងនេះស្រុកក្រឡាញ់ មានចំណូលស្រុកចំនួន ៩៦៦នាក់ ហើយបានឆ្លងកាត់ការធ្វើចត្តឡីស័ក១៤ថ្ងៃ ចំនួន ៩៤៨នាក់ និង នៅសល់ចំនួន ២៩នាក់ ៕

អត្ថបទ និង រូបថត ៖ លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត
#មន្ទីរព័ត៌មានខេត្តសៀមរាប