គេហទំព័រ ខ្មែរថប់ញូស

Language

វៃសង្សារជាច្រើនលើក ចុងក្រោយត្រូវចាប់ខ្នោះសមត្ថកិច្ច បានសម្រេច,,,

ថ្ងៃ 09/20/2020 | ម៉ោង 10:15:00

(ភ្នំពេញ)៖កម្លាំងប៉ុស្តិ៍នគរបាលភ្នំពេញថ្មី បានឃាត់ខ្លួនយុវជនម្នាក់ ដែលធ្លាប់ប្រើអំពើហិង្សាលើសង្សារជាច្រើនលើកច្រើនសារ ដែលទំនងកើតឡើងពីភ្លើងប្រចណ្ឌ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ នេះ នៅចំណុចក្នុងបន្ទប់ជួលលេខ៤០១ ជាន់ទី៤ ផ្លូលេខ១៩៧៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ 

អធិការនគរបាលខណ្ឌសែនសុខ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង ថ្លែងប្រាប់ថា ជនសង្ស័យ ឈ្មោះ ប៉ា សុវណ្ណារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកដឹកអីវ៉ាន់ ស្នាក់នៅផ្ទះលេខ៥៦៣ ផ្លូវលំ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ១ ខណ្ឌពោសែនជ័យ គ្មានសារធាតុញៀន បានធ្វើសកម្មភាពប្រើដៃវាយភ្នែកជនរងគ្រោះ ឈ្មោះ នួន គឹមឡាង ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ បណ្តាលរបួសហើមជាំភ្នែកទាំង២និងគំត្រចៀកខាងស្តាំ ។

លោកអធិការ បន្តថា ជនសង្ស័យធ្លាប់ប្រើអំពើហិង្សាលើសង្សារជាច្រើនលើកមកហើយ ដែលករណីនេះ ទំនងកើតឡើងពីភ្លើងប្រចណ្ឌ ។ 

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕