គេហទំព័រ ខ្មែរថប់ញូស

Language

ពលរដ្ឋចំនួន៧០គ្រួសារ បានទទួលអំណោយពីរដ្ឋបាលស្រុកប្រាសាទបាគង.....!

ថ្ងៃ 01/14/2021 | ម៉ោង 01:30:00

ខេត្តសៀមរាប៖ លោក សូរ ប្លាតុង អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបាគង បានជួបសាកសួរ​សុខទុក្ខ​ និងផ្តល់អំណោយជា​គ្រឿងឧបភោគបរិភោគ ជូនដល់គ្រួសារបងប្អូនពលរដ្ឋ​ ដែលរងគ្រោះដោយសារទឹកជំនន់កាលពីពេលកន្លងមក មានចាស់ជរា​ ស្ត្រីម៉េម៉ាយ និងគ្រួសារពលរដ្ឋដែលមានបញ្ហាខ្វះខាតជីវភាព​ចំនួន ៧០គ្រួសារ មកពីឃុំទាំង ៩ នៃស្រុកប្រាសាទបាគង​នាព្រឹកថ្ងៃទី១៣ ខែមករាឆ្នាំ២០២១នេះនៅបរិវេណសាលាស្រុកប្រាសាទបាគង​។

ទន្ទឹមនិងនេះផងដែរគ្រឿងឧបភោគបរិភោគនិងថវិការដែលនាំមកចែកជូននាពេលនេះ​ គឺជាកញ្ចប់ថវិការមូលនិធិរបស់រដ្ឋបាលស្រុកប្រាសាទបាគងក្នុងគម្រោង​ឆ្លើយតប​ ក្នុងគ្រោះមហន្តរាយឆ្នាំ២០២០ ដោយក្នុង១ គ្រួសារទទួលបានអង្ករ៥០ គីឡូក្រាម មុង១និងថវិកា៣០០០០រៀល។

ក្នុងឱកាសនោះដែលលោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានក្រើនរំលឹក​ដល់បងប្អូនប្រជាពលរដ្ឋ​ ដែលជាអាណា​ព្យាបាល​ មានកូនគ្រប់អាយុត្រូវចូលរៀនត្រូវនាំកូនទៅចុះឈ្មោះចូលរៀនព្រោះសាលាបានបើក
ដំណើរការវិញហើយ។ 

សម្រាប់ការរស់នៅក្នុងជីវភាពប្រចាំថ្ងៃបងប្អូនត្រូវបង្កើនការអនុវត្តន៍វិធានការ​របស់ក្រសួងសុខាភិបាល ដើម្បីបង្ការខ្លួនពីមេរោគកូវីដ១៩ ។ ជាមួយគ្នានេះ​ ដោយសារបច្ចុប្បន្ន​ អាកាសធាតុ​បានធ្លាក់ត្រជាក់​ លោក អភិបាល ក៏បាន​ក្រើនរំលឹក​ ដល់បងប្អូន ប្រជាពលរដ្ឋផងដែល​ អោយបង្កើនការប្រុងប្រយត្ន័​ ថែរក្សាសុខភាពអោយបានល្អ ជាពិសេស
សម្រាប់មនុស្សចាស់​និងក្មេងតូចៗ ត្រូវពាក់អាវក្រាស់ៗ​ ដោយឡែកសម្រាប់ការបង្កាត់ភ្នក់ភ្លើងដើម្បីអាំងក៏ត្រូវមានការប្រុងប្រយត្ន័ បង្ការកុំអោយ វាក្លាយជាករណីអគ្គីភ័យឆេះ​ បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ និងផ្ទះសម្បែងរបស់បងប្អូនយើង​ផងដែរ ៕