ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ០៤ ខែកុម្ភៈឆ្នាំ២០២១ នៅវេលា
ម៉ោង ០៧នឹង២០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍
មួយ បង្ករឡើងដោយរថយន្តក្រុមហ៊ុនប្រមូលសំរាម ស៊ិនទ្រី បាន រេចង្កូត បុករ៉ឺម៉កជួសជុលម៉ូតូ នៅតាមចិញ្ចើមផ្លូវ រុញបុកចូលទៅក្នុងឃ្លាំង បណ្ដាលឲ្យកិនបុរសម្នាក់ស្លាប់នៅនឹងកន្លែង ចំណែក
ម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅជួយសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ។
ទីតាំងកើតហេតុស្ថិតនៅចំណុចឃ្លាំងទំនេរមួយកន្លែងតាមបណ្ដោយផ្លូវ ២១៧ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ កែវ វុទ្ធី ភេទប្រុសអាយុ ៥០ឆ្នាំ មុខរបរបើក អាប៊ុលមានស្រុកកំណើតនៅភូមិ ចន្លាត់ដៃ ឃុំកំរៀង ស្រុកសំរោង ខេត្តកែវ ។
អ្នករងរបួសមានឈ្មោះ ពន្លឺ ភេទប្រុសអាយុ ២២ ឆ្នាំ មានស្រុកកំណើតនៅភូមិរាំងដេកឃុំគគីរធំស្រុកកៀនស្វាយខេត្តកណ្ដាល។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖ មុន
ពេលកើតហេតុគេបានឃើញរថយន្តប្រមូលសំរាមក្រុម
ហ៊ុនស៊ីនទ្រី ១គ្រឿងពាក់លេខសម្គាល់ ៨៥ ពណ៌លឿងបើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ។
ធ្វើដំណើរតាមបណ្ដោយផ្លូវ ២១៧ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតឡើងមកស្ដាប់ដៃបុកជាមួយនឹងរ៉ឺម៉ក ជួសជុលម៉ូតូនៅតាមចិញ្ចើមផ្លូវ រុញជាប់ខ្ទប់បុកចូលក្នុងឃ្លាំងបន្តទៀតបណ្ដាលឲ្យកិនបុរសម្នាក់ស្លាប់ភ្លាមៗនៅក្នុងឃ្លាំង និងម្នាក់ទៀតរបួសធ្ងន់ ចំណែកអ្នកបើកបររថយន្ត បានចុះរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែង នឹងស្រាវជ្រាវរកសាច់ញាតិ ដើម្បីធ្វើកំណត់ហេតុនឹងប្រគល់សពទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណេីត។
ចំណែករថយន្តបង្កនិងម៉ូតូរបស់ជនរងគ្រោះត្រូវបានកម្លាំងជំនាញការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានី
ភ្នំពេញយកទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕