គេហទំព័រ ខ្មែរថប់ញូស

Language

បុរស​ជាង​ឡាន​ម្នាក់​ ឃើញ​រថយន្ត​គេចតភ្លេច​ដកកូន​សោរ​លួចបើករត់គេច តែត្រូវ​ម្ចាស់​ឃើញ​ជិះ​ម៉ូតូ​ដេញ​តាម​ទាន់​ចាប់​ប្រគល់​ឱ្យ​ប៉ូលិស​ក្រុង​សៀមរាប

ថ្ងៃ 02/18/2021 | ម៉ោង 04:00:00

ខេត្តសៀមរាប ៖ ហេតុការណ៍​នេះបាន​កើតឡើង កាលពី​វេលា​ម៉ោង​០២​រសៀលថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១  ស្ថិត​នៅ​ចំណុច​ទល់មុខ កន្លែង​លក់​គ្រឿង បន្លាស​ថ​យន្ត យីហោ​ខ្លាសរ ក្នុងភូមិ​ធ្លក​អណ្ដូង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។ដេញចាប់​បាន​មកវិញនៅ​វេលាម៉ោង​៤​រសៀល ថ្ងៃ​ដដែល​ក្នុងភូមិ​ធ្លក​អណ្តូង សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្តសៀមរាប​។

តាមប្រភពលោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង​ទទួល​ការងារ​ព្រហ្មទណ្ឌ​បាន​បញ្ជាក់​ថា ជនសង្ស័យ​ឈ្មោះ ភូ វុ​ទ្ធី អាយុ​២៨​ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត មានស្រុក​កំណើត​នៅ​ភូមិ​សូ​ភាស ឃុំ​សូ​ភាស ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ។ បច្ចុប្បន្ន​ស្នាក់​នៅ ភូមិ​ធ្លក​អណ្ដូង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។ ចំណែក​ជន​រង គ្រោះ​ឈ្មោះ ឆាយ រតនៈ ភេទ​ប្រុស អាយុ​២១​ឆ្នាំមុខ​របរលក់​គ្រឿងអគ្គិសនី មានទីលំនៅ​បច្ចុប្បន្ន ភូមិ​ពេជ្រជោរ ឃុំ​ក្រឡាញ់ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប។

មុន​ពេល​កើតហេតុ ជន​រង​គ្រោះ បាន​បើក រថយន្ត​មួយ​គ្រឿង​ម៉ាក toyota តា​កូ​ម៉ា ស៊េរី​ឆ្នាំ​២០០៥ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ សៀមរាប 2C-1975 លេខ​តួ 5TELU42 N35Z098742. លេខ​ម៉ាស៊ីន 1GR 0695935 បាន​ចុះ​មក​ទិញ​គ្រឿងបន្លាស់​រថយន្ត ដោយ​មិន​បាន​ដក​កូនសោរ ចេញពី​រថយន្ត ហើយ​បាន​ដើរ​ចូល​ទៅ​ទិញ​គ្រឿងបន្លាស់​រថយន្ត​។ ភ្លាម​ៗ​នោះ ជនសង្ស័យ បាន​ចូល​ទៅ​ក្នុង​រថយន្ត រួច​ហើយ​បញ្ឆេះ​រថយន្ត​បើក​ចេញ​ទៅ​កើត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ។ ម្ចាស់​រថយន្ត ក៏​បាន​ហៅ​ម៉ូតូឌុប ជិះ​ដេញ​តាម​ពីក្រោយ បាន​ចម្ងាយ​ប្រហែល ៣០០​ម៉ែត្រ ដល់​ចំណុច ផ្លូវ​ចូល​ទៅ​វត្ត​ត្រាំ​នាគ ស្ថិត​នៅ​ភូមិ​ធ្លក់​អណ្ដូង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ទើប​ឃាត់​រថយន្ត​បាន​នឹង​រាយការណ៍ មក​សមត្ថកិច្ច​ជួយ​ធ្វើ​អន្តរាគមន៍ភ្លាមៗ ។

ក្រោយ​ពី​ការ​សាកសួរ​ជនសង្ស័យ ប៉ុន្តែ មិន​អាច​ឆ្លើយ​បំភ្លឺ ជូន​សមត្ថកិច្ច​បាន​នោះ​ទេ ដោយសារ​មាន​សភាព​ដូច​ជា​មនុស្ស​បែក​ថ្នាំ ។ សមត្ថកិច្ច​បាន​ធ្វើ តេស្ត​រកសា​ធាតុ​ញៀន នៅ​ក្នុង​ទឹកនោម ជា​លទ្ធផល ឃើញ​ថា​(​វិជ្ជមាន​)​។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​អនុវត្ត​តាម​នីតិវិធី ។ ចំណែក​រថយន្ត​ប្រគល់​ឱ្យ​ម្ចាស់​យក​ទៅ​ប្រើប្រាស់​វិញ​៕