គោរពជូនបងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់!
បន្ទាប់ពីទទួលបានព័ត៍មានថារដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី ដែលមកទស្សនៈកិច្ចនៅកម្ពុជានៅថ្ងៃទី៣ វិច្ឆិកា ២០២០ ម្សិលមុិញមាន វិជ្ជមានកូវីដ១៩ ដែលរកឃើញនៅប្រទេសថៃបន្ទាប់ពីគាត់ចាកចេញ ពីកម្ពុជា។ថ្ងៃនេះក្រុមគ្រូពេទ្យកម្ពុជាបាន
ប្រញាប់ប្រញាល់ ប្រមូលអ្នកមានទំនាក់ទំនងទាំងអស់ដើម្បីយកសំណាកទៅ ធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ។
ដោយឡែកនៅផ្ទះខ្ញុំមានរូបខ្ញុំ និងភរិយា ក្រុមអង្គរក្ស អ្នកបើកបរសរុប១៨នាក់ លទ្ធផលនៃការធ្វើតេស្តបញ្ជាក់ថា អវិជ្ជមានទាំងអស់មិនមានអ្នកណាឆ្លង ជំងឺកូវីដ១៩នោះទេ។
ទោះបីខ្ញុំមិនមានឆ្លងកូវីដ១៩ក្តីតែដើម្បី សុវត្ថិភាពទាំងអស់គ្នាគ្រូពេទ្យតម្រូវ ឱ្យខ្ញុំរស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ សូម្បីតែភរិយា កូន និងចៅ ក៏មិនអាចជួបបានដែរ។
ទួលព្រះបង្គំសូមព្រះរាជទានទោសពីអង្គ ព្រះមហាក្សត្រនិងហ្លួងម៉ែដែលទួលព្រះបង្គំមិនអាចដង្ហែរព្រះអង្គយាងមកពី សាធារណរដ្ឋប្រជាមានិតចិននិងដង្ហែរ ព្រះអង្គប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកាបាន។
សូមអភ័យទោសពីបងប្អូនជនរួមជាតិនៅ ខេត្តពោធិសាត់ បាត់ដំបងនិងបន្ទាយមានជ័យ ដែលខ្ញុំមិនអាចចូលរួមចែកស្រូវពូជ
និងជំនួយសង្រ្គោះបានដែលខ្ញុំនឹងចាត់ តំណាងទៅចែកជំនួស។
សូមលើកពេលថ្ងៃបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែនៅខេត្តសៀមរាបដែលគ្រោងធ្វើនៅថ្ងៃ ១៦ វិច្ឆិកា២០២០ទៅពេលក្រោយវិញ។
សូមអធ្យាស្រ័យពីសំណាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាននិងដៃគូពាក់ពន្ធ័ទាំងអស់ដែលខ្ញុំមិនអាចចូលរួមប្រជុំបាន ដែលខ្ញុំនឹងចាត់តំណាងចូលរួមពីថ្ងៃ១២ដល់ថ្ងៃ១៥វិច្ឆិកា២០២០ខាងមុខនេះ។
ទោះត្រូវអាក់ខានចេញពីផ្ទះដែលជាការតម្រូវរបស់គ្រូពេទ្យក្នុងការធ្វើចត្តាឡីស័ក១៤ថ្ងៃតែខ្ញុំនៅតែបំពេញការងារដោយពិនិត្យសម្រេចនិងចុះហត្ថលេខាលើឯកសារនានារបស់រាជរដ្ឋាភិបាល
បានដដែល។សមាជិករាជរដ្ឋាភិបាលអភិបាលខេត្តនិងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធនៅតែអាចរាយការណ៏ឬសុំយោបល់ខ្ញុំបានដដែល។ខ្ញុំនៅតែអាចហាត់ប្រាណរាប់ទាំងវាយកូនគោលនៅក្នុងបរិវេណផ្ទះបានដដែលគ្រាន់តែមិនឱ្យមនុស្សដទៃមកជិតប៉ុណ្ណោះ។
នេះជាវិធីដែលល្អបំផុតដើម្បីសុវត្ថិភាពនិងសុខភាពទាំងអស់គ្នា។
ខ្ញុំសូមអរគុណចំពោះបងប្អូនជនរួមជាតិ ទាំងក្នុងនិងក្រៅប្រទេសដែលបារម្ភពីសុខភាពខ្ញុំនិងជូនពរដល់ខ្ញុំ។