បាត់ដំបង៖ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ជាមុខសញ្ញាចោរលួចម៉ូតូយ៉ាងសកម្មខណះពេលបានកំណត់មុខសញ្ញាច្បាស់លាស់ ។
- យោងតាមរបាយការណ៍ពីកម្លាំងសមត្ថកិច្ចជំនាញបានឲ្យដឹងថានៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោង ០៣.១០នាទី រំលងអាធ្រាត្រ នៅចំណុចភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុង-ខេត្តបាត់ដំបង អនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នគរបាលខេត្តបាត់ដំបង ក៏ដូចជាមតិរបស់ លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយបានការសម្របសម្រួលលើនីតិវិធីពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះប្រតិបត្តិការ បង្ក្រាបឃាត់ខ្លួនជនសង័្សយម្នាក់ក្នុងករណី លួច (យកម៉ូតូ ) របស់ជនរងគ្រោះកាលពីយប់ថ្ងៃទី ១៨ខែ មេសា ឆ្នាំ ២០២១ មកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីធ្វើការស្រាវជ្រាវ ។
ជនសង័្សយឈ្មោះ ភាព សុភា ហៅ តូច ភេទប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ខណៈពេលដែលសមត្ថកិច្ចឃាត់ខ្លួននេះគឺជនសង័្សយស្ថិតនៅតាមផ្លូវសាធារណៈមួយ ក្នុងមូលដ្ឋានខាងលើ ដោយនៅជាប់នឹងខ្លួនមានម៉ូតូ ០១ គ្រឿងម៉ាកហុងដាឌ្រីម សេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១២ បិតតែម ឆ្នាំ ២០១៥ គ្មានស្លាកលេខ(ជារបស់ជនរងគ្រោះ)និងជាភស្តុតាងនៃអំពើល្មើសច្បាប់។
សូមជម្រាបជូនថា កាលពីថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២១ វេលាម៉ោង ១៩.៤០ នាទី នៅចំណុចភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ខណៈដែលជនរងគ្រោះឈ្មោះ ហួន យឿម ភេទប្រុស អាយុ ៦០ ឆ្នាំ មានទីលំនៅ ភូមិអូរចារ សង្កាត់ អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ឈប់ម៉ូតូតាមផ្លូវហើយចូលទៅបត់ជើងតូចនៅមិនឆ្ងាយប៉ុន្មានពីម៉ូតូ ដោយមិនបានដកសោរចេញពីម៉ូតូ ក៏ស្រាប់តែជនសង័្សយបានលួចម៉ូតូបញ្ឆេះជិះយកទៅបាត់តែម្តង ។ នៅក្រោយពេលកើតហេតុ ជនរងគ្រោះបានប្តឹងដល់សមត្ថកិច្ចនគរបាល ដើម្បីស្រាវជ្រាវ រកជន សង័្សយដើម្បីផ្តន្ទាទោសតាមច្បាប់ ហើយឆ្លងតាមរយៈនៃការសា្រវជ្រាវ ដោយមានការចូលរួមពីមហាជននៅចំណុច កើតហេតុនោះផងទើបសមត្ថកិច្ចកំណត់បានអំពីមុខសញ្ញានេះ រហូតឈានទៅធ្វើការឃាត់ខ្លួនបាន នារាត្រីថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២១។
នៅក្នុងកិច្ចប្រតិបត្តិការឃាត់ខ្លួននេះ ជនសង័្សយបានធ្វើសកម្មភាពវាយតប់តបតមកលើសមត្ថកិច្ចនគរបាល រហូតបណ្តាលឱ្យលោក ព្រិន្ទបាលទោ សុង ហាក់ ដែលស្ថិតក្នុងកិច្ចប្រតិបត្តិការនោះទទួលរងរបួសបាក់ឆ្អឹងម្រាមដៃខាងឆ្វេង ដែលតម្រូវឱ្យធ្វើការព្យាបាល ។
នៅក្រោយពេលសាកសួរ ជនសង័្សយបានទទួលសារភាពអំពីអំពើល្មើសរបស់ខ្លួនហើយពេលេនេះ មន្ត្រីការិយាល័យជំនាញបានរៀបចំ កសាងសំណុំរឿង ដើម្បីបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្តបាត់ដំបងដើម្បីចាត់វិធានការបន្តទៅតាមនីតិវិធី ៕