ពោធិ៍សាត់៖ នៅរសៀល ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ តុលាការ បានសម្រចឃុំខ្លួន ឃឃាឃាតកម្នាក់ ដែលកាប់ចិញ្ច្រាំ សម្លាប់គូដណ្ដឹង យ៉ាងឃោរឃៅ។
ក្នុងដីកាបានបង្គាប់ឲ្យឃុំខ្លួន ឈ្មោះ ឡូញ សុភារ៉ា ហៅ ភារ៉ា ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ កាន់សាសនាព្រះពុទ្ធ មានទីកន្លែងកំណើត ភូមិដូងជ្រុំ សង្កាត់ព្រៃញី ក្រុង.ខេត្តពោធិ៍សាត់ មានទីលំនៅមុនពេលឃាត់ខ្លួន ស្ថិតនៅភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុង.ខេត្តពោធិ៍សាត់ មុខរបរ លក់ដូរ ។
បុរសនេះ រៀបការប្រពន្ធ ឈ្មោះ ពុទ្ធ គង់ធារ័ត្ន (លែងលះ) មានកូន២នាក់ ឪពុក(ស្លាប់) និងម្ដាយឈ្មោះ ឡាច ស៊ីថន ប្រវត្តិនៃការផ្ដន្ទាទោស ពីតុលាការ (គ្មាន) ជានីតិជន។
ឈ្មោះ ឡូញ សុភារ៉ា ត្រូវចោទពីបទហិង្សា ដោយចេតនា មានស្ថានទម្ងន់ទោស ដោយសារមរណភាពជនរងគ្រោះ ប្រព្រឹត្តនៅភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុង.ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១។ បទល្មើសដែល មានបញ្ញតិ ឲ្យផ្ដន្ទាទោសមាត្រា ២២៤ នៃក្រមព្រហ្មទណ្ឌ ។
គួររំលឹកផងដែរថា ជនត្រូវចោទ ឡូញ សុភារ៉ា ហៅ ភារ៉ា បានធ្វើសកម្មភាព កាប់សម្លាប់ ដែលគេអះអាង ជាគូដណ្ដឹងឈ្មោះ ស៊ុ ចាន់នី អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ បានរស់ នៅជាមួយគ្នា រយៈពេលចំនួន ៦ ឆ្នាំមកហើយ បន្ទាប់ពីខ្លួន (ឡូញ សុភារ៉ា) បានលែងលះជាមួយប្រពន្ធដើម ។
ឈ្មោះ ឡូញ សុភារ៉ា បានប្រើប្រាស់ពូថៅ កាប់លើគូដណ្ដឹង សុសសាច់ បណ្ដាល ឲ្យប្រកាច់ ដាច់ខ្យល់ស្លាប់ ក្នុងថ្លុកឈាម យ៉ាងសាហាវព្រៃផ្សៃ នៅក្នុងផ្ទះ កំពុងសាងសង់ ស្ថិតនៅភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុង.ខេត្តពោធិ៍សាត់ កាលពីយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ រួចក៍គេចខ្លួន បាត់មួយរយៈ។ តែក្រោយមក ត្រូវសមត្ថកិច្ចស្រាវជ្រាវដឹង តាមចាប់ខ្លួនបាន យកមកផ្តន្ទាទោសតាមផ្លូវច្បា់៕