ភ្នំពេញ៖ ជនសង្ស័យក្លែងភេទជាសង្ឃចំនួន ១៨នាក់ ត្រូវបាននគរបាលខណ្ឌកំបូលចាប់ខ្លួន ខណៈធ្វើសកម្មភាពស្លៀកពាក់គ្រងស្បង់ជីវរ ក្លែងភេទជាព្រះសង្ឃ ដើរបិណ្ឌបាត្ររៃអង្គាសប្រាក់ពីប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្នុងចំណោមនោះ មានមួយចំនួនជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ហើយធ្វើសកម្មភាពខុសច្បាប់បង្កឱ្យប៉ះពាល់កិត្តិយសព្រះពុទ្ធសាសនា។យោងតាមរបាយការណ៍របស់សមត្ថកិច្ច នៅល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ជនសង្ស័យទាំង១៨នាក់ ក្នុងនោះចំនួន ១៧នាក់ ជាព្រះសង្ឃក្លែងក្លាយ និង ១នាក់ ជាតៃកុងឡាន ដែលត្រូវបាននគរបាលខណ្ឌកំបូល ចាប់ខ្លួនជាបន្តបន្ទាប់កាលពីវេលាម៉ោង ១១:៣០នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
លោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរងទទួលការងារព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌកំបូលបានឱ្យដឹងថា ការចាប់ខ្លួនជនសង្ស័យដ៏ច្រើននេះ កម្លាំងនគរបាលបានទទួលព័ត៌មានប្តឹងរាយការណ៍ពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានថា មានមនុស្សមួយក្រុមបានមកជួលផ្ទះស្នាក់នៅក្នុងបុរីពិភពថ្មីមួយកន្លែងក្នុងខណ្ឌកំបូល ហើយនៅពេលព្រឹកបានស្លៀកពាក់គ្រងស្បង់ជីវរ ក្លែងភេទជាព្រះសង្ឃដើរបិណ្ឌបាត្រ រៃអង្គាសប្រាក់ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌកំបូលជាយូរមកហើយ។ ក្រោយពីទទួលព័ត៌មាននោះភ្លាម លោកអធិការនគរបាលខណ្ឌកំបូល ក៏បានចាត់កម្លាំងចុះតាមដានស្រាវជ្រាវអំពីសកម្មភាពមុខសញ្ញាជនសង្ស័យ។
នៅថ្ងៃដដែលនោះ ស្រាប់តែជនសង្ស័យចំនួន ១០នាក់ ក្នុងនោះគ្រងស្បង់ជីវរក្លែងជាព្រះសង្ឃ ៩នាក់ និង១នាក់ទៀតជាតៃកុងឡាន ត្រូវបានចាប់ខ្លួន ខណៈដែលជនសង្ស័យតៃកុងឡានបានបើករថយន្តដឹកប្រមូលសង្ឃក្លែងក្លាយទាំងនោះពីគោលដៅមួយចំនួនក្រោយពីរៃអង្គាសប្រាក់ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ បន្ទាប់ពីសាកសួរជនសង្ស័យទាំងនោះ កម្លាំងនគរបាលខណ្ឌកំបូលក៏បានបន្តចាប់ខ្លួនជនសង្ស័យក្លែងជាព្រះសង្ឃចំនួន ៨នាក់ទៀត។
ជនសង្ស័យជាសង្ឃក្លែងក្លាយបន្ទាប់មកត្រូវបានព្រះអនុគុណខណ្ឌកំបូលបានចាប់ផ្សឹកពួកគេហើយ បានប្រគល់ជនសង្ស័យ និងវត្ថុតាងស្បង់ជីវរទៅសមត្ថកិច្ច ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់។ ក្នុងចំណោមជនសង្ស័យទាំងនោះមានចំនួន ៧នាក់ បានធ្វើតេស្តរកឃើញប្រើប្រាស់គ្រឿងញៀន។
សូមបញ្ជាក់ថា យោងតាមចម្លើយសារភាពពីជនសង្ស័យ បានប្រាប់សមត្ថកិច្ចថា ពួកគេធ្វើសកម្មភាពក្លែងភេទជាព្រះសង្ឃដើរបិណ្ឌបាត្រជាយូរមកហើយ ក្រោមការចាត់ចែងរបស់មេខ្យល់មានឈ្មោះ ម៉េង ភេទ ប្រុស អាយុប្រហែល ២៥ឆ្នាំ ដោយក្នុង១ថ្ងៃពួកគេរៃអង្គាសប្រាក់បានពី៨ម៉ឺនទៅ១០ម៉ឺនរៀលក្នុង១នាក់ ក្នុងនោះមេខ្យល់ឈ្មោះ ម៉េង តម្រូវបង់ឱ្យគេក្នុង១នាក់ពី ៣ម៉ឺន ទៅ ៣ម៉ឺ៥ពាន់រៀលក្នុង១ថ្ងៃ។ ប្រាក់ដែលនៅសល់ប៉ុន្មានទៀត ពួកខ្លួនយកទៅចាត់ចែងចាយវាយដោយខ្លួនឯង។ បច្ចុប្បន្នជនសង្ស័យទាំង ១៨នាក់ ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខណ្ឌកំបូលកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕