កណ្តាល៖ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០០ និង០៥នាទី ត្រង់ចំណុចភ្លើងស្តុបផ្លូវ១១០ កែងផ្លូវជាតិលេខ២១ ស្ថិតនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល រវាង ម៉ូតូ និងរថយន្តបណ្ដាលឲ្យស្លាប់ស្រី្តម្នាក់។
អ្នកបើកម៉ូតូឈ្មោះ នី ភេទស្រី អាយុប្រហែល២៧ឆ្នាំ ស្នាក់នៅផ្ទះជួល ក្រុងតាខ្មៅ ស្លាប់ត្រូវបានយកសពទៅតម្កល់ទុកនៅវត្តព្រែកសំរោងរងចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯអ្នកបើកបររថយន្តឈ្មោះ តាំង ស៊ីគុយ ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូ០១គ្រឿងម៉ាក HONDA ZOOMER X ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1FZ-4991 បើកបរមិនពាក់មួកសុវត្ថិភាព និងមានកញ្ចក់មើលក្រោយ។ បើកឆ្លងផ្លូវក្នុងទិសដៅពីកើតទៅលិច ក៏បានបុកជាមួយរថយន្តមួយគ្រឿងម៉ាកTOYOTA HIGHLANDER ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2AR-9582។ ប្រភពដដែលបានបន្តថា ចំពោះអ្នកបើករថយន្តត្រូវបានឃាត់ខ្លួន រថយន្តបើកបរក្នុងទិសដៅពីជើងទៅត្បូង។
ប្រភពបន្តថាចំពោះមធ្យោបាយដែលពាក់ព័ន្ធបានយកមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋានដើម្បីចាត់ការតាមតិវិធី។ តាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុមកពីអ្នកបើកម៉ូតូបើកឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន៕