សូមរំលឹកថា: កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ មានករណីលួចម៉ូតូមួយនៅចំណុចទំនប់បឹងផ្ដៅ ភូមិច្រេស ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ បន្ទាប់ពីទទួលបានព័ត៌មានករណីខាងលើ សមត្ថកិច្ចចុះធ្វើការស្រាវជ្រាវភ្លាមៗ រហូតឃាត់ខ្លួនជនល្មើស២នាក់ ដែលជាមុខសញ្ញាប្រព្រឹត្តបទល្មើសយ៉ាងសកម្ម ក្នុងខេត្តសៀមរាប។
ជនល្មើសទាំង២នាក់ រួមមាន៖ ១៖ ឈ្មោះ រឿម គង់ អាយុ៤៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ទី២៖ ឈ្មោះ ពុត កុសន អាយុ៣២ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិតានីធម្មជាតិ សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។
ជនរងគ្រោះលោក រ៉េត រី អាយុ៤៧ឆ្នាំ រស់នៅភូមិឃុនមោឃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង បានជិះម៉ូតូចំនួន១គ្រឿងម៉ាកសង់ សេរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប 1AK-6633 ទៅមើលលបដាក់ត្រី នៅចំណុចកើតហេតុ។
ពេលទៅដល់ជនរងគ្រោះ បានទុកម៉ូតូក្បែរទំនប់ទឹក ហើយបានដកកូនសោដាក់ក្នុងហោប៉ៅ បន្ទាប់មកទៅមើលលបដែលដាក់ត្រី លុះដល់វេលាម៉ោង១១ ជនរងគ្រោះបានរាយការណ៍ជូនសមត្ថកិច្ចថា មានករណីអំពើលួច។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ចុះស្រាវជ្រាវរហូតដល់វេលាម៉ោង១រសៀល ថ្ងៃដដែល កម្លាំងនគរបាល បានឃាត់ខ្លួនជនល្មើសទាំង២នាក់ និងនាំខ្លួនយកមកសួរនាំ។
ជនល្មើសទាំង២នាក់ បានឆ្លើយសារភាពថា ពួកខ្លួនទាំង២នាក់ ពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះខាងលើពិតប្រាកដមេន។
ពួកគេបានឆ្លើយសារភាពបន្ថែមទៀតថា ពួកខ្លួនបានធ្វើសកម្មភាពលួចច្រើនលើកក្នុងក្រុងសៀមរាប និងតាមបណ្ដាស្រុកផ្សេងទៀត ដោយប្រើប្រាស់រូបភាពជាអ្នកសារព័ត៌មាន ឬមន្រ្តីអង្កការ ជិះរកមើលម៉ូតូណាដែលទុកប្រហែស ពុំមានចាក់សោសុវត្ថិភាព ពួកខ្លួនលួចតែម្តង ហើយនៅពេលដែលប្រជាពលរដ្ឋឃើញ ពួកខ្លួនបានយកកាត់សម្គាល់ខ្លួនមកបង្ហាញ និងអះអាងថា ជាអ្នកសារព័ត៌មាន ឬមន្រ្តីអង្កការ មានឱកាសនាំគ្នាជិះម៉ូតូគេចខ្លួនតែម្ដង។
បច្ចុប្បន្នជនល្មើសទាំង២នាក់ខាងលើ ត្រូវបានតុលាការសម្រេចឃុំខ្លួនរួចហើយ ។