ខេត្តកំពង់ធំ៖ មានសេចក្តីរាយការណ៍ពីបណ្តាញយកព័ត៌មានក៍ដូចជារបាយការណ៍សើបអង្កេតនានាពីអង្កការសង្គមសុីវីលនិងជាសក្ខីកម្មរបស់ប្រជាសហគមន៍នេសាទ បានឲ្យដឹងថា បទល្មើសនេសាទកាន់តែកើនឡើងយ៉ាងពេញបន្ទុក ក្នុងចំណុចបឹងមហាពពាយ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយលើខេត្តកំពង់ធំ នៃបឹងទន្លេសាប ខណ:នេះនៅតែរងការបំភ្លេចបំផ្លាញយ៉ាងវិនាសហិនហោចជារៀងរាល់ឆ្នាំក្នុងរដូវបិទនេសាទនិងរដូវបើកនេសាទដែលផ្តើមចេញពីក្រុមប្រព្រឹត្តបទល្មើសខុសច្បាប់ដែលប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់មានដូចជា ឈ្នុករួមផ្សំភ្លើងពណ៍ នេសាទដោយឧបករណ៍លបលូដែលមានក្រឡាតូចជាង ៣សង់ទីម៉ែត្រ និងឧបករណ៍ស្បៃមុង របាំងសាច់ស្បៃក្រឡាតូចៗក្រោម២ហ៊ុន លាតសន្ធឹងជារបាំងរាប់រយ រាប់ ពាន់ម៉ែត្រលើផ្ទៃទន្លេ ដើម្បីប្រមូលត្រីល្អិតៗបានទាំងតូច ទាំងធំនៅចំណុច បឹងមហាពពាយ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយលើ ក្នុងនោះមានឈ្មួញឬថៅកែធំៗ ចតទូករង់ចាំប្រមូលទិញ ពីក្រុមប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ យ៉ាងហោចណាស់ថៅកែម្នាក់ៗមានក្បាលទូកស្មាច់ចាប់ពី១០០ទៅ១៥០ទូកដែលលក់ត្រីឲ្យ ចុះហេតុដូចម្តេចបានជាមេឈ្មួញទាំងអស់ខាងលើនេះមានឥទ្ធិពលខ្លាំងជាងបទបញ្ជារបស់សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាយ៉ាងដូច្នេះទៅវិញ ?
ក្រៅពីសេចក្តីរាយការណ៍ជាក់ស្តែងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារយកព័ត៌មានយើងបានចុះដល់ទីតាំងចំណុចដូចបានរៀបរាប់ខាងលើ ក្នុងខណ:នោះបានជួបជាមួយម្ចាស់របាំងសាច់ជាច្រើនកន្លែង ដែលប្រើប្រាស់ដោយឧបករណ៍នេសាទល្មើសច្បាប់មានដូចជា នេសាទដោយឧបករណ៍លបលូដែលមានក្រឡាតូចជាង ៣សង់ទីម៉ែត្រ និងឧបករណ៍ស្បៃមុង របាំងសាច់មុ៉ងក្រឡាតូចៗក្រោម២ហ៊ុន លាតសន្ធឹងជារបាំងរាប់រយ រាប់ពាន់ម៉ែត្រលើផ្ទៃទន្លេ បំផ្លាញធនធានជលផល រលាយគ្មានសល់។
តាមប្រភពពីជនល្មើសនេសាទខុសច្បាប់ទាំងអស់នេះបានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មានយេីងឲ្យដឹងច្បាស់ៗថា ត្រីដែលលើកបានតាមឡុកទាំងនេះគឺថៅកែៗជាអ្នកប្រមូលទិញទាំងអស់។
អុញនោះអញ្ចឹងតើ បានជាប្រជានេសាទលក្ខណ:គ្រួសារលោកត្អូញត្អែថាគាត់រកត្រីមិនសូវបានហូបគ្រប់គ្រាន់ទេ ដោយហេតុថាឈ្មួញធំៗគេរៀបចំជាក្រុមៗ ចំពោះអ្នកប្រើប្រាស់ដោយឧបករណ៍ស្បៃមុង របាំងសាច់អួនក្រឡាតូចលាតសន្ធឹងជារបាំងវែងៗរាប់រយ រាប់ពាន់ម៉ែត្រ ត្រីសម្រុកចូលទាំងតូចទាំងធំ ដែលជាកត្តានាំឲ្យពួកគាត់នេសាទត្រីស្របច្បាប់រកមិនសូវបានហូបគ្រប់គ្រាន់នោះទេ។
-ទាំងនេះហើយដែលជាកត្តានាំឱ្យបាត់បង់ធនធានជលផលពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែក្រុមជនល្មើសបំផ្លាញសម្បត្តិធនធានជលផល ។ ហេតុដូច្នេះបានជាប្រជាសហគមន៍នេសាទសម្តែងនូវសេចក្តីព្រួយបារម្មណ៍យ៉ាងខ្លាំង ប្រសិនបើជំនាញជលផលដែលមានសមត្ថកិច្ចឈរជើងនៅទឹកដីឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មិនយកចិត្តទុកដាក់បង្រ្កាបប្រាកដជាស្ទើដាច់ពូជ។
ហេីយជារឿយៗ គេសង្កេតឃើញសមត្ថកិច្ចបង្រ្កាបបានតែឧបករណ៍នេសាទតូចតាចលក្ខណ:គ្រួសារហើយកាប់បំផ្លាញចោល រីឯឈ្មួញនេសាទខុសច្បាប់ធំៗចាប់មិនបាន អ្វីដែលយើងកត់សម្គាល់នោះ បើជំនាញចង់ចាប់បង្ក្រាបបទល្មើសធំៗច្រើនតែអ្នកទាំងនោះដឹងខ្លួនជាមុន ហើយស្រាយទម្លាក់របាំងក្នុងទឹកធ្វើមិនដឹង ហែស ហែរ តើមានអ្វីនៅពីក្រោយវាំងនននៃបទល្មើសនេសាទ ក្នុងចំណុចខាងលើនេះ។
ជាការពិតណាស់ ! មានហេតុផលគ្រប់គ្រាន់ដែលបញ្ជាក់ថា: ការទប់ស្កាត់បទល្មើសនេសាទខុសច្បាប់មិនជាការពិបាករហូតដល់គ្រប់គ្រងមិនបាននោះទេ។
បើនិយាយថា សមសមត្ថកិច្ចចាប់បង្រ្កាបមិនបាន វារឹតតែជារឿងមិនអាចជឿបានទៅទៀត។ មិនអាចជឿបាន ដោយហេតុថា សូម្បីប្រជាសហគមន៍នេសាទក៏អាចដឹងនិងឃើញច្បាស់ផ្ទាល់និងភ្នែកផងដែរ ប៉ុន្តែ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ អាជ្ញាធរបែរជាមិនសហការណ៍ និងជួនកាលថែមទាំងបានរារាំងសកម្មភាពរបស់ប្រជាសហគមន៍នេសាទ និងក្រុមអ្នកសារព័ត៌មានទៅវិញ។
ទាំងនេះជាកញ្ចក់ឆ្លុះបញ្ចាំងបានអំពីអ្វីដែលនៅពីក្រោយវាំងនននៃបទល្មើសនេសាទខុសច្បាប់នៅក្នុងចំណុចបឹងមហាពពាយ ឃុំត្រពាំងឬស្សី ក្នុងស្រុកកំពង់ស្វាយលើខេត្តកំពង់ធំ។
មានមូលហេតុច្រើនយ៉ាង ដែលនាំឲ្យបទល្មើសនេសាទក្លាយជាបញ្ហាមិនអាចគ្រប់គ្រងបាន មូលហេតុសំខាន់បំផុតគឺការឃុបឃិតគ្នាជាខ្សែបណ្តាញរវាងឈ្មួញរកសុីនេសាទខុសច្បាប់ជាមួយអាជ្ញាធរមានសមត្ថកិច្ចខិលខូចមួយចំនួន។ មូលហេតុសំខាន់មួយទៀតគឺ ឈ្មួញអ្អ្នករកសុីបទល្មើសនេសាទច្រើនតែជាអ្នកមានឥទ្ធិពល ឬ មានខ្នងបង្អែករឹងមាំ។ ក្នុងករណីនេះ សមត្ថកិច្ចដែនដីគ្មានជម្រើសអ្វីក្រៅពី ធ្វើគរ ធ្វើថ្លង់ នោះឡើយ ពីព្រោះតែពួកគេខ្លាចអំណាចរបស់មន្ត្រីអ្នកមានបុណ្យស័ក្តិធំជាងខ្លួន។
ប្រជាសហគមន៍នេសាទសូមសំណូមពរយ៉ាងទទូចដល់ឯកឧត្តមនួន ផារ័ត្ន អភិបាលនៃគណ:អភិបាលខេត្តកំពង់ធំ លោកប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ធំ លោកជិន សុីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ មេត្តាពិនិត្យមើលបទល្មើសនេសាទដែលជាក្រុមរបស់មេឈ្មួញទាំងអស់នេះរីកដូចផ្សិត ស្ថិតនៅក្នុងចំណុចមហាពពាយ ឃុំទំពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំដែលគ្រប់គ្រងដោយលោក សៅវណ្ណសិរីវុឌ្ឍ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយនិងលោកពេជ្រពៅប្រធានសហគមន៍នេសាទផងទាន តើលោកទាំងអស់នេះកំពង់ធ្វើអ្វី? បានជាបណ្តែតបណ្តោយឲ្យមានបទល្មើសនេសាទយ៉ាងពេញបន្ទុកក្នុងតំបន់ដែលលោកគ្រប់គ្រងដូច្នេះទៅវិញ៕