ខេត្តកណ្ដាល៖ជនសង្ស័យមួយក្រុមគ្នា៤នាក់ បានធ្វើសកម្មភាពបាញ់រះដោយប្រើប្រាស់កាំភ្លើងកែច្នៃ និងគប់គ្រាប់បែកដែកកេះ ចូលក្នុងបរិវេណកាស៉ីណូថ្មពេជ្រ ដែលមានទីតាំងស្ថិតនៅភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល បណ្ដាលឲ្យសន្ដិសុខម្នាក់រងរបួសត្រូវដៃខាងឆ្វេង។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោងជិត១ថ្ងៃត្រង់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនសង្ស័យ៤នាក់ បានជិះម៉ូតូ២គ្រឿង ចូលមកខាងមុខកាស៊ីណូថ្មពេជ្រ ពេលនោះជនសង្ស័យ២នាក់ បានដកកាំភ្លើងខ្លីកែច្នៃ ចំនួន២ដើម បាញ់ទៅលើសន្តិសុខ៧គ្រាប់ បណ្ដាលឲ្យត្រូវជនរងគ្រោះម្នាក់ឈ្មោះ ចៅ រិន (ជាសន្តិសុខយាមខ្លោងទ្វារកាស៊ីណូ) ត្រូវចំស្មាខាងឆ្វេង ដាច់រលាត់ស្បែកចេញឈាម បន្ទាប់មកក៏បានគប់គ្រាប់បែកដៃ (ជាប្រភេទគ្រាប់បែកដែកកេះ) ចោលចូលទៅក្នុងបរិវេណកាស៊ីណូថ្មពេជ្រ រួចគេចខ្លួនបាត់។