គេហទំព័រ ខ្មែរថប់ញូស

Language

អនុវត្តដីកាពីរផ្សេងគ្នាឃាត់ខ្លួនជនត្រូវចោទចំនួន០២នាក់នៅក្នុងស្រុកសង្កែ

ថ្ងៃ 03/19/2020 | ម៉ោង 05:45:00

ខេត្តបាត់ដំបង ៖ តាមសេចក្តីរាយការណ៏ពីកម្លាំងនៃអធិការរដ្ឋាននគរបាលស្រុកសង្កែបានចុះអនុវត្តដីកាពីរផ្សេងគ្នាឃាត់ខ្លួនជនត្រូវចោទចំនួន០២នាក់ នៅវេលាម៉ោង ០៩ និង ០០ នាទី ថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២០នៅត្រង់ចំណុចភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។

បើតាមការបញ្ជាក់ពីលោកវរសេនីយ៍ត្រី កង សុផាណ្ណា នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអោយដឹងថា នៅក្នុងកិច្ចចុះអនុវត្តខាងលើនេះដែរ ដីកាទី០១ អនុវត្តបង្គាប់អោយចាប់ខ្លួន.ឃុំខ្លួនលេខ ០៣ ត.ព្រចុះថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២០ ដោយចៅក្រមជំនុំជំរះ គី ឆៃ នៃសាលាដំបូងខេត្តបាត់ដំបង នៅចំណុចភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង

បង្គាប់អោយចាប់ខ្លួន.ឃុំខ្លួន ឈ្មោះ ឌឿក ហ៊ត ភេទប្រុស អាយុ ៥១ ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង តាមបញ្ញត្តមាត្រា ១០២ នៃច្បាប់ស្តីពីជលផល ចោទប្រកាន់ពីបទ(ធ្វើអន្តរាគមន៍ផ្ដល់ការអនុញ្ញាតដោយផ្ទាល់ឬដោយប្រយោលជួយដល់អាជីវកម្មជលផលនិងធ្វើសកម្មភាពផ្ទុយនឹងច្បាប់ជលផលដែលធ្វើឡើងដោយមន្ត្រីអាជ្ញាធរដែនដី) ប្រព្រឹត្តនៅចំណុចភូមិពាមសោត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៨ ។

ដីកាទី០២អនុវត្តន៍ដីកាបង្គាប់អោយចាប់ខ្លួនលេខ ៥៧៨ ត.ព្រ១៩ ចុះថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១៩ ដោយលោកចៅក្រមស៊ើបសួរ ជា វណ្ណៈ នៃសាលាដំបូងខេត្តបាត់ដំបង។

បង្គាប់អោយចាប់ខ្លួនឈ្មោះ ស៊ុក លីឆាយ ភេទប្រុស អាយុ ២៣ ឆ្នាំមានទីលំនៅបច្ចុប្បន្នក្រុម ០៣  ភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង តាមបញ្ញត្តិមាត្រា ២១៧ មាត្រា ៤១០ និងមាត្រា ៤១១ នៃក្រមព្រហ្មទណ្ឌ
ដែលត្រូវចោទប្រកាន់ពីបទ(ហិង្សាដោយចេតនានិងធ្វើអោយខូចខាតដោយចេតនា) ដែលប្រព្រឹត្តនៅចំណុចក្រុមទី ១៦ ភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០១៧។

លោកនាយរងការិយាល័យបានបញ្ជាក់បន្ថែមថា ក្រោយពេលអនុវត្តរួចរាល់ ជនត្រូវចោទទាំងពីរនាក់ ត្រូវបានកម្លាំងនៃការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នាំមកកាន់ការិយាល័យជំនាញដើម្បីបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្តបាត់ដំបងចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖ សការី